សិង្ហបុរី
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
| Republic of Singapore 新加坡共和国 Republik Singapura சிங்கப்பூர் குடியரச | |||||
| |||||
| បាវចនា៖ "Majulah Singapura" (ភាសាម៉ាឡេ) សិង្ហបុរីឆ្ពោះទៅមុខ | |||||
| ភ្លេងនិងចំរៀងជាតិ៖ "Majulah Singapura" (បទ ម៉ាជូឡាស់ ស៊ីងហ្គាពូរ៉ា) | |||||
![]() | |||||
| រដ្ឋធានី | សិង្ហបុរីស៊ីធី | ||||
| ភាសាផ្លូវការ | ភាសាអង់គ្លេស ភាសាម៉ាឡេ ភាសាចិនកុកងឺ ភាសាតាមិល | ||||
| របបដឹកនាំ | សាធារណរដ្ឋអាស្រ័យសភា | ||||
| រដ្ឋាភិបាល -ប្រធានាធិបតី -នាយករដ្ឋមន្ត្រី | សែល្លាប៉ាន់ រ៉ាម៉ាណាថាន់ លី សៀនលូង | ||||
| ឯករាជ្យភាព -ភាពជាក្រុងមួយ -ស្វ័យភាពក្រោមរាជាណាចក្ររួម -ប្រកាសឯករាជ្យ -ច្របាច់បញ្ចូលជាមួយម៉ាឡេស៊ី -បំបែកខ្លួនពីម៉ាឡេស៊ី | ២៤ កក្កដា ១៩៥១ ៣ មិថុនា ១៩៥៩ ៣១ សីហា ១៩៦៣ ១៦ កញ្ញា ១៩៦៣ ៩ សីហា ១៩៦៥ | ||||
| ផ្ទៃប្រទេស -សរុប -ផ្ទៃទឹក | ៧០៧,១គ.ម២(លំដាប់ទី១៩០) ១,៤៤៤% | ||||
| ចំនួនប្រជាជន -ស្ថិតិឆ្នាំ២០០៧ -ស្ថិតិឆ្នាំ២០០០ -ដង់ស៊ីតេ | ៤ ៥៨៨ ៦០០(លំដាប់ទី១១៧) ៤ ១១៧ ៧០០ ១៦ ៣៨៩ /គ.ម២(លំដាប់ទី៣) | ||||
| រូបិយប័ណ្ណ | ដុល្លាសិង្ហបុរី (SGD) | ||||
| ល្វែងម៉ោង | UTC +៧ | ||||
| កូដទូរស័ព្ទប្រទេស | +៦៥ | ||||
| TLD អ៊ីនធឺណិត (TLD:Top Level Domain) | .sg | ||||
សាធារណរដ្ឋសិង្ហបុរី (ឬសាំងហ្គាពួរ) (ជាភាសាអង់គ្លេស៖Republic of Singapore, ជាភាសាចិន៖新加坡共和国, ជាភាសាម៉ាឡេ៖Republik Singapura, ជាភាសាតាមិល៖சிங்கப்பூர் குடியரச)ជាប្រទេសកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។ វាស្ថិតនៅចំងាយ ១៣៧ គ.ម ខាងជើងខ្សែអេក្វាទ័រ។ សិង្ហបុរីមានផ្ទៃដី ៧០៤ គ.ម២ និងជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍។
មាតិកា |
[កែប្រែ] ភូមិវិទ្យានិងអាកាសធាតុ
អត្ថបទក្បោះក្បាយ៖ ភូមិវិទ្យានិងអាកាសធាតុសិង្ហបុរី
សិង្ហបុរីកើតឡើងពីកោះសរុប ៦៣កោះ ដែលកោះធំជាងគេគឺកោះសិង្ហបុរី។ កោះសំខាន់ៗផ្សេងទៀតមាន កោះជូរុង(Jurong Island) កោះពូឡៅតេកុង(Pulau Tekong) កោះពូឡៅអ៊ូប៊ីន(Pulau Ubin) និងកោះសេនតូសា(Sentosa)។ ចំនុចធម្មជាតិខ្ពស់ជាងគេនៅសិង្ហបុរី គឺកូនភ្នំប៊ូគីត ទីម៉ាស(Bukit Timah Hill)ដែលមានកំពស់ ១៦៦ ម៉ែត។ តាំងពីឆ្នាំ ១៩៦០ រដ្ឋាភិបាលសិង្ហបុរីបានខិតខំប្រឹងប្រែងក្នុងការកសាងក្រុង ដែលជាលទ្ឋផលសិង្ហបុរីបច្ចុប្បន្នមានទេសភាពជាទីក្រុងទាំងស្រុង។ សិង្ហបុរីមានគំរោងវាតដីពីសមុទ្រដោយយកដីពីកូនភ្នំនានារបស់ខ្លួន ដីពីបាតសមុទ្រនិងពីប្រទេសជិតខាងមកចាក់បំពេញ។ ជាលទ្ឋផល ផ្ទៃដីសិង្ហបុរីបានកើនឡើងពី ៥៨១,៥ គ.ម២ ក្នុងឆ្នាំ ១៩៦០ មក ៧០៤ គ.ម២ នាពេលបច្ចុប្បន្ន។ សិង្ហបុរីមានគំរោងនឹងពង្រីកបន្ថែម ១០០ គ.ម២ ទៀតមុនឆ្នាំ២០៣០។ គំរោងនេះក៏បានតភ្ជាប់កោះតូចៗនានាតាមរយៈការចាក់ដីតភ្ជាប់ផងដែរ។
ប្រហែល២៣%នៃផ្ទៃដីសិង្ហបុរីត្រូវបានរក្សាអោយនៅជាព្រៃនិងឧទ្យានជាតិ។ ឧទ្យានជាតិធំជាងគេដែលត្រូវបានការពារគឺ ឧទ្យានជីវចំរុះសិង្ហបុរី (Singapore Botanic Gardens) ដែលមានទំហំ ៦៧,៣ ហិកតា។
សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចំបងជាងគេគឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុងអាងសិប្បនិម្មិត។ ទឹកភ្លៀងផ្គត់ផ្គង់ទឹកសាបប្រមាណ ៥០% ហើយនៅសល់៥០%ទៀត គឺនាំចូលពីប្រទេសជិតខាង និង បានពីរោងចក្រចំរាញ់ទឹកស្អាត ប្រើប្រាស់ឡើងវិញ។ រដ្ឋាភិបាលមានគំរោងបង្កើនចំនួនរោងចក្រចំរាញ់ទឹកសមុទ្រដើម្បីកាត់បន្ថយការពឹងផ្អែកលើទឹកនាំចូល។
សិង្ហបុរីមានអាកាសធាតុត្រូពិច។ សិង្ហបុរីគ្មានរដូវដាច់គ្នាស្រលះទេ។ សីតុណ្ហភាពនិងសំពាធថេរ សំនើមខ្ពស់ និង កំពស់ទឹកភ្លៀងខ្ពស់។ សីតុណ្ហភាពប្រែប្រួលពី ២២ ទៅ ៣៤។ សំនើមជាមធ្យម គឺ ៩០%នៅពេលព្រឹក និង ៦០%នៅពេលរសៀល។ សីតុណ្ហភាពទាបបំផុតក្នុងប្រវត្តិសាស្ត្រគឺ ១៨,៤ និង ខ្ពស់បំផុត ៣៧.៨។ ខែមិថុនានិងកក្កដាជាខែក្ដៅជាងគេ ហើយខែវិច្ឆិកានិងធ្នូជាខែដែលមានសំនើមខ្ពស់ជាងគេ។ ពីខែសីហាដល់ខែតុលា ខ្យល់មានលក្ខណៈស្ងួតបណ្ដាល មកពីភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីដែលនៅជិតខាង។
[កែប្រែ] ប្រវត្តិ
អត្ថបទក្បោះក្បាយ៖ ប្រវត្តិសាស្ត្រសិង្ហបុរី
[កែប្រែ] ដើមកំនើតនៃឈ្មោះ
«សិង្ហបុរី» មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំនាលថា មានស្ដេចមួយអង្គបានជួបព្យុះសង្ឃរាពេលធ្វើដំនើរតាមសំពៅរួចក៏ចូលសំចតនៅកោះនោះ។ ស្ដេចនោះក៏បានប្រទះឃើញនៅលើឆ្នេរខ្សាច់នូវសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មតដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ាន។
[កែប្រែ] ការតាំងទីលំនៅដំបូង
អត្ថបទក្បោះក្បាយ៖ ប្រវត្តិសាស្ត្រដំបូងរបស់សិង្ហបុរី
តាមឯកសារបញ្ជាក់ថា មានមនុស្សមករស់នៅកោះសិង្ហបុរីតាំងពីសតវត្សរ៍ទី២នៃគ.ស។ កោះនេះដើមឡើយជាដែនដីរបស់ ចក្រភពស៊ូម៉ាត្រានស្រីវិចាយ៉ា និងមានឈ្មោះដើមជាភាសាជ្វាថា តេម៉ាសេក (Temasek៖ ទីក្រុងសមុទ្រ)។ តេម៉ាសេកធ្លាប់ជាតំបន់ជំនួញដ៏មមាញឹក មុននឹងធ្លាក់ចុះខ្សោយនៅចុងសតវត្សរ៍ទី១៤។ នៅរវាងសតវត្សរ៍ទី១៦និងទី១៩ កោះសិង្ហបុរីជាផ្នែកមួយនៃរាជាណាចក្រស៊ុលតង់ចូហរ។ ពួកព័រទុយហ្គាល់និងហុល្លង់ បានមកគ្រប់គ្រងកោះនេះនៅសតវត្សរ៍ទី១៧។ ក្នុងអំឡុងពេលនោះ ប្រជាជននៅលើកោះនេះ ភាគច្រើនជាអ្នកនេសាទ។
[កែប្រែ] សម័យអាណានិគម
អត្ថបទក្បោះក្បាយ៖ កំនរកំនើតសិង្ហបុរីទំនើប
លោក ថូម៉ាស់ ស្តេមហ្វដ រ៉ាហ្វល (Sir Thomas Stamford Raffles) ដែលបានចុះចតនៅសិង្ហបុរីនៅថ្ងៃទី ២៩ មករា ១៨១៩ បានកត់សំគាល់ឃើញថា សិង្ហបុរីជាទីតាំងជំនួញដ៏មានសក្ដានុភាពនៅអាស៊ី។ តំនាងអោយក្រុមហ៊ុន British East India លោកក៏បានចុះសន្ឋិសញ្ញាជាមួយ ព្រះចៅស៊ុលតង់ ហ៊ូសសេន ស្សាស (Sultan Hussein Shah) ក្នុងការអភិវឌ្ឍន៍សិង្ហបុរីអោយក្លាយជាទីតាំងជំនួញរបស់ចក្រភពអង់គ្លេស។ នេះជាចំនាប់ផ្ដើមសករាជទំនើបរបស់សិង្ហបុរី។ នៅឆ្នាំ ១៨៦៧ សិង្ហបុរីបានក្លាយជាដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស។
ការគ្រប់គ្រងនគរូបនីយកម្មរបស់សិង្ហបុរីនៅសម័យអាណានិគមមានលក្ខណៈជា «ការបែកចែកដើម្បីគ្រប់គ្រង»។ មានន័យថាក្រុមមនុស្សប្រភេទផ្សេងគ្នារស់នៅតាមតំបន់ផ្សេងគ្នា។ ស្ទឹងសិង្ហបុរីដែលជាតំបន់ពាណិជ្ជកម្មដ៏ធំ ជាទីតាំងនៅរបស់ពួកពាណិជ្ជករ ម្ចាស់ធនាគារចំរុះជាតិសាសន៍ និងកម្មករលើកដាក់ទំនិញជនជាតិចិននិងឥណ្ឌា។ ជនជាតិម៉ាឡេដែលភាគច្រើនជាអ្នកនេសាទនិងអ្នកដើរសមុទ្រ រស់នៅប៉ែកអាគ្នេយ៍ខាងចុងស្ទឹង ជាមួយពាណិជ្ជករនិងបញ្ញាវ័នជនជាតិអារ៉ាប់។ ជនជាតិអឺរ៉ុបដែលមានតិចតួចនៅឡើយនាពេលនោះ រស់នៅម្ដុំ Fort Canning Hill និងនៅខាងដើមស្ទឹងសិង្ហបុរី។
[កែប្រែ] សម័យសង្គ្រាមលោកលើកទី២
អត្ថបទក្បោះក្បាយ៖ ការកាន់កាប់សិង្ហបុរីពីសំនាក់ជប៉ុន
នៅក្នុងសង្គ្រាមលោកលើកទី២ កងទ័ពព្រះចៅអធិរាជជប៉ុនបានឈ្លានពានតំបន់ម៉ាឡាយ៉ា និងបានបំផ្ទុះសមរភូមិសិង្ហបុរី។ កងទ័ពអង់គ្លេសដែលមិនបានត្រៀមខ្លួនជាមុនបានចុះចាញ់ក្នុងរយៈពេល៦ថ្ងៃនៃការប្រយុទ្ឋ គឺនៅថ្ងៃទី១៥ កុម្ភៈ ១៩៤២។ កងទ័ពជប៉ុនបានប្ដូរឈ្មោះសិង្ហបុរីទៅជា ស្សូណាន់តូ (昭南島 ជាពាក្យកាត់នៃពាក្យ 昭和の時代に得た南の島 បានន័យថា កោះនៅភាគខាងត្បូងដែលបានមកនៅសករាជស្សូវ៉ាក់)។ រយៈពេល១ខែក្រោយពីជប៉ុនចាញ់សង្គ្រាមលោក ពួកអង់គ្លេសបានវិលត្រលប់មកវិញនៅថ្ងៃទី១២ កញ្ញា ១៩៤៥។
[កែប្រែ] ការប្រកាសឯករាជ្យ
អត្ថបទក្បោះក្បាយ៖ ប្រវត្តិសាស្ត្រនៃសាធារណរដ្ឋសិង្ហបុរី
សិង្ហបុរីក្លាយជារដ្ឋស្វ័យគ្រប់គ្រងក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៥៩។ នាយករដ្ឋមន្ត្រីដំបូងគេគឺលោក លី ក្វាន់យូ (Lee Kuan Yew)។ សិង្ហបុរីប្រកាសឯករាជ្យជាឯកត្តោភាគីនៅខែសីហា ១៩៦៣ មុនពេលចូលជាសមាជិកសហព័ន្ឋម៉ាឡេស៊ីក្នុងខែកញ្ញា។ រយៈពេល២ឆ្នាំក្រោយមក សិង្ហបុរីបានដើរចេញពីសហព័ន្ឋ បន្ទាប់ពីមានការខ្វែងគំនិតយ៉ាងក្ដៅគគុគជាមួយរដ្ឋាភិបាលសហព័ន្ឋ។ សិង្ហបុរីបានទទួលអធិបតេយ្យភាពជាផ្លូវការនៅថ្ងៃទី ៩ សីហា ១៩៦៥។ លោក យូសូហ្វ ប៊ីន អ៊ីស្សាក (Yusof bin Ishak)បានចូលស្បថកាន់តំនែងជាប្រធានាធិបតី ដោយលោក លី ក្វាន់យូ នៅតែជានាយករដ្ឋមន្ត្រី។
រដ្ឋដ៏ក្មេងខ្ចីនេះបានជួបនឹងវិបត្តិជាច្រើនដូចជា ភាពខ្វះការងារធ្វើយ៉ាងធ្ងន់ធ្ងរ កង្វះលំនៅដ្ឋាន និងកង្វះផ្ទៃដីដាំដុះនិងធនធានធម្មជាតិ។ នៅក្នុងអាណត្តិរបស់លោក លី ក្វាន់យូ ពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៩០ រដ្ឋាភិបាលរបស់លោកបានលុបបំបាត់ភាពអត់ការងារធ្វើមួយភាគធំ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងបានបង្កើតអោយមានកម្មវិធីផ្ដល់ជំរកសាធារណៈក្នុងទ្រង់ទ្រាយធំ។ សេដ្ឋកិច្ច និង ហេដ្ឋារចនាសម្ព័ន្ឋត្រូវបានអភិវឌ្ឍ។ ភាពតានតឹងនៃជំលោះជាតិសាសន៍បានធូរស្រាល។ សិង្ហបុរីបានបង្កើតអោយមានប្រព័ន្ឋការពារឯករាជ្យជាតិ តាមរយៈការបង្កើតច្បាប់ស្ដីអំពីកាតព្វកិច្ចយោធាចំពោះបុរសៗ។
នៅឆ្នាំ១៩៩០ លោក ហ្គោស ចុកតុង (Goh Chok Tong) បានបន្ដតំនែងពីលោក លី ក្វាន់យូ។ ក្នុងអាណត្តិរបស់លោក សិង្ហបុរីក៏ដូចជាប្រទេសនៅអាស៊ីមួយចំនួន បានជួបនឹងវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧ ការរីករាលដាលនៃជំងឺសារស៍ (SARS)នៅឆ្នាំ២០០៣ និងការគំរាមគំហែងភារវកម្មពីក្រុមចាម៉ាស់ អ៊ីស្លាមីយ៉ាស។ នៅឆ្នាំ២០០៤ លោក លី សៀនលូង (Lee Hsien Loong) ដែលជាកូនប្រុសច្បងរបស់លោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្ត្រីទី៣របស់សិង្ហបុរី។ លោកបានបង្កើតអោយមានគំរោងសាងសង់បនល្បែង (កាស៊ីណូ) ដើម្បីទាក់ទាញទេសចរណ៍បរទេសអោយបានច្រើនថែមទៀត។
[កែប្រែ] នយោបាយ
អត្ថបទក្បោះក្បាយ៖ នយោបាយសិង្ហបុរី
សិង្ហបុរីកាន់របបប្រជាធិបតេយ្យអាស្រ័យសភា។ អំណាចនីតិប្រតិបត្តិស្ថិតនៅក្នុងដៃគណរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី។ ប្រធានាធិបតីដែលជាប្រវត្តិសាស្ត្រគ្រាន់តែជានិមិត្តរូប មានអំនាចខ្លះដែរដូចជាការប្រើសិទ្ឋិវេតូក្នុងការសំរេចចិត្តថ្នាក់ជាតិសំខាន់ៗ (ឧ៖ឆ្នាំ១៩៩១ ប្រធានាធិបតីបានប្រើសិទ្ឋិវេតូក្នុងការសំរេចស្ដីអំពីការប្រើប្រាស់ថវិកាជាតិ) និងការជ្រើសតាំងតំនែងនានាក្នុងប្រព័ន្ឋតុលាការ។ អំនាចនីតិបញ្ញត្តិគឺសភា។
វិស័យនយោបាននៅសិង្ហបុរីត្រូវបានគ្រប់គ្រងដោយ គណបក្សសកម្មភាពប្រជាជន (People's Action Party ហៅកាត់ថា PAP) តាំងតែពីពេលក្លាយជារដ្ឋស្វ័យគ្រប់គ្រង។ ហេតុនេះគណបក្សប្រឆាំងផ្សេងទៀតដូចជា គណបក្សកម្មករសិង្ហបុរី (Workers' Party of Singapore) គណបក្សប្រជាធិបតេយ្យសិង្ហបុរី (Singapore Democratic Party ហៅកាត់ថា SDP) និង សំព័ន្ឋអ្នកប្រជាធិបតេយ្យសិង្ហបុរី (Singapore Democratic Alliance ហៅកាត់ថា SDA) បានហៅប្រទេសសិង្ហបុរីថាជា រដ្ឋមានគណបក្សតែ១។ ទោះបីជាមានការបោះឆ្នោតដោយសេរី និងមានតំលាភាព យ៉ាងណាក៏ដោយ ក៏សិង្ហបុរីមិនទាន់ជារដ្ឋប្រជាធិបតេយ្យ១០០%ទេ។ មានការរិះគន់តុលាការសិង្ហបុរីដែលមាននិន្នាការនិយមទៅគណបក្ស PAP។ អំណាចតុលាការមិនត្រូវបានដាក់អោយឯករាជ្យទេ។ តែទោះជាយ៉ាងណាក៏ដោយ សិង្ហបុរីនៅតែជាប្រទេសមានអំពើពុករលួយតិចតួចជាងគេនៅអាស៊ី។
[កែប្រែ] សេដ្ឋកិច្ច
អត្ថបទក្បោះក្បាយ៖ សេដ្ឋកិច្ចសិង្ហបុរី និង វិស័យទេសចរណ៍នៅសិង្ហបុរី
សិង្ហបុរីស្ថិតក្នុងចំនោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។ សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសំរេចជាពិសេសផលិតផលឧស្សាហកម្ម។ វិស័យឧស្សាហកម្មចែកចេញជា វិស័យអេឡិចត្រូនិច ការចំរាញ់ប្រេងកាត វិស័យគីមី វិស្វកម្មមេកានិក និង បច្ចេកទេសជីវវេជ្ជសាស្ត្រ។ សិង្ហបុរីជាកំពង់ផែមមាញឹកជាងគេក្នុងពិភពលោក។ សិង្ហបុរីជាមជ្ឍមណ្ឌលពាណិជ្ជកម្មរូបិយប័ណ្ឌបរទេស ធំទី៤លើពិភពលោក បន្ទាប់ពី ឡិនដិន ញូយ៉ក និង តូក្យូ។
ផលិតផលក្នុងស្រុកសរុប(GDP)នៅក្នុងឆ្នាំ២០០៦កើនដល់ ២៩៤៧៤ US$។ អត្រានៃភាពអត់ការងារធ្វើក្នុងឆ្នាំ២០០៧គឺ ១,៧%។ កំនើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៧គឺ ៧,៥%។
សិង្ហបុរីបានបង្កើតអោយមានពន្ឋលើទំនិញនិងសេវ៉ា(Goods and Service Tax ហៅកាត់ថា GST) តាំងពីថ្ងៃទី១ មេសា ១៩៩៤។ នៅពេលនោះវាមានអត្រាតែ៣% តែបានរកចំនូលអោយរដ្ឋភិបាលបាន ១៦០០លានដុល្លាសិង្ហបុរី និងជួយផ្ដល់លំនឹងហិរញ្ញវត្ថុដល់រដ្ឋ។ ពន្ឋនេះបានកើនឡើងដល់ ៤%ក្នុងឆ្នាំ២០០៣ ៥%ក្នុងឆ្នាំ២០០៤ និង ៧%ក្នុងឆ្នាំ២០០៧។
វិស័យទេសចរណ៍ជាឧស្សាហកម្មដ៏ធំមួយរបស់សិង្ហបុរី។ សិង្ហបុរីជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទេសចរណ៍ជិត១០លាននាក់បានមកទស្សនាសិង្ហបុរីក្នុងឆ្នាំ ២០០៦។ កន្លែងដែលទាក់ទាញទេសចរណ៍ល្បីជាងគេនៅសិង្ហបុរីគឺ ទីប្រជុំហាងលក់ទំនិញនៅផ្លូវអរគីដេ (Orchad Road shopping districts)។ ដើម្បីទាក់ទាញទេសចរណ៍បន្ថែម រដ្ឋាភិបាលបានសំរេចចិត្ត ក្នុងឆ្នាំ២០០៥ ក្នុងការអោយការលេងល្បែងស៊ីសងក្លាយជាស្របច្បាប់។ រដ្ឋបានអនុញ្ញាតអោយមានការបើកបនល្បែង២នៅ តំបន់ម៉ារីណាខាងត្បូង(Marina South) និង តំបន់សេនតូសា(Sentosa)។ ដើម្បីប្រកួតប្រជែងជាមួយទីក្រុងផ្សេងទៀតក្នុងតំបន់ដូចជា ហុងកុង តូក្យូ និង សៀងហៃ រដ្ឋបានប្រកាសបង្កើនភាពទាក់ទាញតាមរយៈការបំភ្លឺលំអអាគារនានា។
សិង្ហបុរីមានភាពរហ័សរហួនក្នុងការប្រែក្លាយខ្លួនជាគោលដៅទេសចរណ៍វេជ្ជសាស្ត្រ។ មានអ្នកទេសចរណ៍ប្រមាណ២សែននាក់ក្នុងមួយឆ្នាំ ចូលមកស្វែងរកសេវាសុខាភិបាលក្នុងប្រទេសសិង្ហបុរី។ សិង្ហបុរីមានបំនងពង្រីកសេវាសុខាភិបាលអោយមានលទ្ឋភាពទទួលអ្នកជំងឺបរទេស១លាននាក់ក្នុងមួយឆ្នាំ អោយបានមុន ឆ្នាំ២០១២ ដែលអាចរកថវិកាជូនរដ្ឋចំនួន ៣០០០ USD។ រដ្ឋាភិបាលសង្ឃឹមថាការផ្ដួចផ្ដើមនេះនឹងផ្ដល់ការងារថ្មី ១៣០០០ ការងារទៀតក្នុងវិស័យសុខាភិបាល។
[កែប្រែ] រូបិយវត្ថុ
សូមមើលផងដែរ ដុល្លារសិង្ហបុរី
រូបិយវត្ថុសិង្ហបុរីគឺ ដុល្លាសិង្ហបុរី ដែលមាននិមិត្តសញ្ញា S$ និងមានអក្សរកាត់ថា SGD។ ធនាគារកណ្ដាលនៃសិង្ហបុរី (The Central Bank of Singapore) ជាអាជ្ញាធររូបិយប័ណ្ឌសិង្ហបុរី ដែលមាននាទីបោះផ្សាយក្រដាស់ប្រាក់។ សិង្ហបុរីបោះពុម្ភកាក់និងក្រដាសប្រាក់លើកដំបូងនៅឆ្នាំ១៩៦៧។
[កែប្រែ] យោធា
ក្រសួងការពារជាតិសិង្ហបុរីគ្រប់គ្រោងលើ កងយោធពលសិង្ហបុរី រួមមាន កងទ័ពជើងគោកសិង្ហបុរី កងទ័ពជើងទឹកនៃសាធារណរដ្ឋសិង្ហបុរី និង កងទ័ពជើងអាកាសនៃសាធារណរដ្ឋសិង្ហបុរី ដោយមានការទ្រទ្រង់ដោយស្ម័គ្រចិត្តពីសំនាក់ក្រុមហ៊ុនឯកជនមួយចំនួន។ កងកំលាំងប្រដាប់អាវុធសិង្ហបុរីមាននាទីចំបងក្នុងការប្រឆាំងជាមួយអ្នកឈ្លានពាននិងផ្ដល់នូវជំនួយការមនុស្សធម៌ទៅបណ្ដាប្រទេសដទៃ។ សិង្ហបុរីមានកតិកសញ្ញាការពារជាតិទៅវិញទៅមកជាមួយប្រទេសជាច្រើនជាពិសេសប្រទេសហត្ថលេខីក្នុង Five Power Defence Arrangements។ សិង្ហបុរីមានមូលដ្ឋានហ្វឹកហ្វឺនរាយប៉ាយនៅបរទេសដូចជានៅ សហរដ
